បង់​ក្លា​ដែ​ស ទិញ​អង្ករ​ពី​កម្ពុជា​២៥​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគច្រើន​ជា​អង្ក​រស​

ភ្នំពេញ​៖ ក្នុង​ទំហំ​អង្ករ​១​លាន ដែល​ភាគី​កម្ពុជា និង​ប្រទេស​បង់​ក្លា​ដេែសបាន​ព្រមព្រៀងគ្នា អង្ករ​ចំនួន ២៥​ម៉ឺន​តោន​នឹងត្រូវ​អនុវត្ត​នៅ​ឆ្នាំ​ដំបូង​ឆ្នាំ ២០១៧ នេះ​។
​រដ្ឋាភិបាល​បង់​ក្លា​ដេ​ស​សន្យា​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​១​លាន​តោន ​សម្រាប់​រយៈពេល​៥​ឆ្នាំ ដែល​កិច្ចព្រមព្រៀង​នាំចេញ​អង្ករ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​ស្បៀងអាហារ​បង់​ក្លា​ដែស នៅ​ថ្ងៃទី​២​ខែសីហា​។​

​លោក ប៉ាន សូរ​សក្ដិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ បង់​ក្លា​ដែ​សនឹង​ទិញ​អង្ករ ២៥​ម៉ឺន​តោន ដែល​ក្នុងចំណោម​នេះ ២០​ម៉ឺន​តោន​ជា​អង្ក​រស​ធម្មតា និង​៥​ម៉ឺន​តោន​ទៀត​ជា​ប្រភេទ​អង្ករ​ចំហុយ សម្រាប់​ឆ្នាំ​២០១៧ នេះ​។ លោក​បន្តថា ការនាំចេញ​អង្ករ​ឆ្នាំ​ដំបូង​តាម​កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ក្នុងអំឡុង​ខែតុលា​ខាងមុខនេះ​។ 

​បើតាម លោក សុខ ពុ​ទ្ធី​វុ​ធ ភាគី​បង់​ក្លា​ដែ​ស តាមរយៈ​កិច្ចព្រមព្រៀង​ខាងលើ បានផ្ដល់​ពេលវេលា និង​លក្ខខណ្ឌ​សមស្រប​ដើម្បី​អាច​ឲ្យ​ភាគី​កម្ពុជា ​សម្រេចបាន​តាម​កា​រ​បញ្ជា​ទិញ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​បង់​ក្លា​ដែស​ឲ្យ​ឱកាស ពេលវេលា​គ្រប់គ្រាន់​ដើម្បី​យើង​ធ្វើការ​។ ដូចនេះ​អ្វីៗ​ដែល​យើង​នឹង​រៀប​ចំនេះ ​គឺមាន​ពេលវេលា និង​លក្ខខណ្ឌ​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​សហព័ន្ធ និង​ក្រុមហ៊ុន​គ្រី​ន​ត្រេ​ដ​ ជួយ​ការងារ​នេះ​»​។ 

ចំពោះ​តម្លៃ​អង្ករ ភាគី​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ នឹង​ចរចា​គ្នា​នៅពេល​ក្រោយ​។ លោក សុខ ពុ​ទ្ធី​វុ​ធ លើកឡើង​ដូចនេះ​ថា​៖«​វា​ជា​ចំណុច​សំខាន់​ ដែល​នឹងមាន​ការចរចា​បន្ថែម​ទៀត តែ​ខ្ញុំ​ជឿថា បើ​បង់​ក្លា​ដែសមាន​តម្រូវការ​ខ្ពស់ នោះ​យើង​អាច​សម្របសម្រួល​គ្នា​បាន​។​

​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស នឹង​ជួប​ការប្រកួតប្រជែង​នឹង​ប្រទេស​ថៃ និង​វៀតណាម ដ្បិត​បង់​ក្លា​ដែ​សមាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ទាំង​នោះដែរ​។ ប៉ុន្តែ​លោក សុខ ពុ​ទ្ធី​វុ​ធ ជឿជាក់ថា​កម្ពុជា ​នៅតែ​អាច​នាំចូល​អង្ករ​ទៅ​ទីផ្សារ​បង់​ក្លា​ដែសបាន ដោយ​លោក​ថ្លែង​យ៉ាង​ដូចនេះ​ថា​៖«​បង់​ក្លា​ដែស​ក៏​ឆ្លាត​ដែរ ដែលមាន​ប្រភព​ច្រើន​ប្រទេស​។ ខ្ញុំ​ជឿថា​គេ​នៅតែ​បើកទ្វារ​គ្រប់​ប្រទេស​អ៊ីចឹង ទោះ​ទិញ​តិច​ឬ​ច្រើន គឺ​នៅតែ​បើកទ្វារ​»​។

RDB ប្រាប់​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មកសុំ​កម្ចី​ដោយផ្ទាល់ ចៀសវាង​ការទា​កម្រៃ​ពី​ជនខិលខូច​

ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បានប្រកាស​ដល់​បណ្ដា​រោង​ម៉ាស៊ីន​កិន​ឲ្យ​ទំនាក់ទំនង​មក RDB ដោយផ្ទាល់​ក្នុង​ការរក​កម្ចី ដើម្បី​ចៀសវាង​ការ​កេង​យកចំណេញ​ពី​ភាគី​ទី​បី​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​នេះ នៅ​ថ្ងៃទី​១​ខែកញ្ញា​។​
​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹងថា នៅពេល​ថ្មីៗ​នេះ​មាន​ជនខិលខូច​មួយចំនួន​តួច​បាន​ឆ្លៀតឱកាស​យកចំណេញ​ពី​គម្រោង​ពិសេស​របស់​រដ្ឋាភិបាល ដោយ​ទារក​ម្រៃ​ពី​បណ្ដា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ជា​ថ្នូរ​នឹង​ការទទួលបាន​ឥណទាន​ក្រោម​គម្រោង​ពិសេស​នេះ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​។ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​បន្ថែមថា ការទារ​កម្រៃ​នេះ គឺជា​សកម្ម​ភាពមិន​ស្របច្បាប់ ហើយ​ធ្វើ​ឲ្យ​ភាន់ច្រឡំ និង​ប៉ះពាល់​កេរ្តិ៍​ឈ្នោះ​របស់​រដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិសេស​ធនាគារ​អភិវឌ្ឍន៍ជនបទ​។​

​រដ្ឋាភិបាល ក្នុងពេល​ថ្មីៗ​នេះ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ពិសេស​ចំនួន ៥០​លាន​ដុល្លារ ដែល​ធនាគារ​អភិវឌ្ឍន៍ជនបទ​ជា​អ្នកប្រតិបត្តិ​ការផ្ដល់​ក​ម្ចី​នេះ​ដោយផ្ទាល់​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​របស់​កសិករ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​។​

​ធនាគារ​អភិវឌ្ឍន៍ជនបទ ស្នើ​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​រាយការណ៍​មក​ធនាគារ​មួយ​នេះ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច បើសិនណា​បាន​ជួប​ករណី​ទារក​ម្រៃ​ដូចខាងលើ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​បន្ថែមថា ធនាគារ​អភិវឌ្ឍន៍ជនបទ​មិន​យក​កម្រៃ​ក្រៅផ្លូវការ​ណាមួយ​ឡើយ ហើយ​អតិថិជន​គួរ​ទំនាក់ទំនង​ដោយផ្ទាល់​មក​ធនាគារ​នេះ ដោយ​មិនចាំបាច់​ឆ្លងកាត់​អន្តរការី​ណាមួយ​ឡើយ​៕